សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចបានបណ្តេញ ធី សុវណ្ណថា ចេញពីគណបក្ស និងមុខតំណែងរដ្ឋ ដោយសារបានបង្ហោះសារមិនសមរម្យជាបន្តបន្ទាប់លើបណ្តាញសង្គម ក្នុងពេលដែលកិច្ចការជាតិកំពុងត្រូវការការដោះស្រាយយ៉ាងសំខាន់។
សម្តេចតេជោបានលើកឡើងថា សម្តេចបានទូរស័ព្ទផ្ទាល់ទៅកាន់ ធី សុវណ្ណថា កាលពីប៉ុន្មានថ្ងៃមុន ដើម្បីបញ្ជាឱ្យលុបសារមិនសមរម្យពីរចេញពីបណ្តាញសង្គម។ ទោះជាយ៉ាងណា នៅថ្ងៃនេះ ធី សុវណ្ណថា បានបង្ហោះសារមួយទៀតដែលមានអត្ថន័យប៉ះពាល់ដល់កងទ័ពខ្មែរដែលកំពុងការពារប្រទេសជាតិ។
ដោយសារហេតុនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យឯកឧត្តម កួច ចំរើន, ប្រធានគណបក្សប្រជាជនកម្ពុជានៅខេត្តកណ្តាល បណ្តេញ ធី សុវណ្ណថា ចេញពីគណបក្ស។ ជាបន្តបន្ទាប់ សម្តេចក៏បានចេញបញ្ជាឲ្យឯកឧត្តម ស សុខា, ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ចប់មុខតំណែងរបស់ លោក ធី សុវណ្ណថា ជាអភិបាលរងក្រុងអរិយក្សត្រ និងលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការ។
សម្តេចតេជោបានបញ្ជាក់ថា ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិនិងធ្វើបែបនេះដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់៕ ដោយ៖ កន ចំណាន


.gif)

0 comments:
Post a Comment